គេហទំព័រសុខភាព-អាហារ និងអភិវឌ្ឍន៍ ត្រូវបានបង្កើតឡើងដោយ PPM-Confirel Group

ក្រុមហ៊ុនខនហ្វីរេលបានបើកទ្វារឱ្យចូលទស្សនារោងចក្រផលិតម្សៅប្រហុករបស់ខ្លួន

កាលបរិច្ឆេទ: ០៩ តុលា ២០២៥ / កសិកម្ម / Author : ATH Sokren

កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ រោងចក្រផលិតម្សៅប្រហុកដែលមានទីតាំងនៅសង្កាត់ព្រែកលៀប បានបើកទ្វារឱ្យគណៈប្រតិភូមកពីវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបចូលទស្សនា។ ដំណើរទស្សនកិច្ចនេះដែលដឹកនាំដោយឯកឧត្តមបណ្ឌិតធន់ វឌ្ឍនា អនុប្រធានទី២នៃរដ្ឋសភា និងជាអតីតសាកលវិទ្យាធិការនៃវិទ្យាស្ថាន ទទួលបានការសាទរថាជាជំហានដ៏សំខាន់មួយនៃការលើកកម្ពស់ផលិតកម្មចំណីអាហារក្នុងស្រុក និងការលើកកម្ពស់ផលិតផលច្នៃប្រឌិតថ្មីទើបនឹងកើតចេញជារូបរាង ដែលជាផលិតផលខ្មែរសុទ្ធសាធ។

ទស្សនកិច្ចនេះមានគោលដៅធំៗពីរគឺ ទីមួយបង្ហាញពីសង្វាក់ផលិតកម្មទំនើបនៃម្សៅប្រហុក ដែលជាមោទកភាពនៃម្ហូបជាតិដែលច្នៃប្រឌិតឡើងវិញដោយក្រុមហ៊ុនខនហ្វីរេល។ ទីពីរគឺបង្កើតកិច្ចសហប្រតិបត្តិការវិទ្យាសាស្រ្ត និងបច្ចេកទេសជាមួយវិទ្យាស្ថាន។

ឯកឧត្តមបណ្ឌិតធន់ វឌ្ឍនា ចង់ឃើញកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានជាតិកសិកម្ម និងក្រុមហ៊ុនកាន់តែខ្លាំងក្លា ជាពិសេសតាមរយៈគម្រោងស្រាវជ្រាវទាក់ទងនឹងការកែច្នៃចំណីអាហារ និងការលើកតម្លៃដំណាំក្នុងស្រុក មានដូចជាផ្លែស្វាយកែវរមៀតកែប កាកាវ និងខ្ញីខ្មៅជាដើម។

ដូចគ្នានេះដែរ លោកឧកញ៉ាឱសថបណ្ឌិតហៃ លីអ៊ាង ប្រធានក្រុមហ៊ុនខនហ្វីរេលបានប្រកាសពីចេតនារបស់លោកក្នុងការធ្វើឱ្យភាពជាដៃគូនេះក្លាយជាផ្លូវការជាមួយនឹងអនុស្សរណៈនៃការយោគយល់។ លោកបានគូសបញ្ជាក់ពីសមត្ថភាពផលិតរបស់រោងចក្របច្ចុប្បន្នដែលអាចផលិតម្សៅប្រហុកបានរហូតដល់៥០០០កែវ គឺស្មើនឹងត្រីប្រហុកមួយតោនក្នុងមួយថ្ងៃ។ នេះក៏ដោយសារតែជំនួយពីគម្រោង Capfish Capture របស់អង្គការ UNIDO ហើយពិធីសម្ពោធរោងចក្រជាផ្លូវការត្រូវបានធ្វើឡើងកាលពីថ្ងៃទី៨ កញ្ញា កន្លងទៅនេះ ក្រោមវត្តមានរបស់មន្រ្តីមកពីក្រសួងកសិកម្ម សហគមន៍អឺរ៉ុប និងអ្នកសារព័ត៌មានក្នុងស្រុកជាច្រើនរូប។

ការគាំទ្រថ្នាក់អន្តរជាតិ និងការវិនិយោគលើទំនើបភាវូបនីយកម្ម បង្ហាញពីចេតនាយ៉ាងមុខមាំ គឺបើកទំព័រសករាជថ្មីនៃការកែច្នៃកសិ-ចំណីអាហារកម្ពុជា ដោយផ្សារភ្ជាប់ប្រពៃណីដូនតាខ្មែរទៅនឹងបច្ចេកវិទ្យាសម័យទំនើប ដើម្បីប្រែក្លាយផលិតផលប្រហុកឱ្យទៅជាអ្នកនាំសារនៃចំណេះធ្វើក្នុងស្រុកទៅកាន់ទីផ្សារក្នុងតំបន់ និងទីផ្សារអន្តរជាតិ៕